Sunday, May 6, 2012

ឡៅ ស៊ី​ណាត សន្លប់​​ដោយ​​សារ​​​​កែង ​ជើង​​ខ្លាំង​​​​អា​ល្លឺ​​ម៉ង់ ឯ ចាន់​ រតនា ​​ធ្វើ​​ឱ្យ​​អ្នក​​ឆ្លង​​ដែន​​មក​​ពី​​កូរ៉េ​​ចុះ​​ចាញ់​​ទឹក​​ទី​3

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:៣៥

ការប្រកួតរវាងកីឡាករ MATTHIASជាមួយកីឡាករ ឡៅ ស៊ីណាត

ការប្រកួតរវាងកីឡាករ MATTHIASជាមួយកីឡាករ ឡៅ ស៊ីណាត

​រាជ​ធានី​ភ្នំពេញ ៖ ​ឡៅ ស៊ី​ណាត​ មក​​ពី​​ក្លឹប​​កង​​ទ័ព​​ពិសេស​​ឆត្រ​យោង​លេខ​៩១១ សន្លប់​ក្រោម​ស្នៀត​កែង​របស់​កីឡា​ករ​ជើង​​ខ្លាំង​មក​ពី​អាល្លឺ​ម៉ង់​ ANDREAF MATTHIAS ចំណែក​ចាន់ រតនា មក​ពី​ក្លឹប​ខេមរៈ​ខ្លា​ហោះ​ បាន​ធ្វើ​ឱ្យ​ជើង​ខ្លាំង​មក​ពី​កូរ៉េ​ THUNG PONG KWANG ចុះ​ចាញ់​នៅ​ត្រឹម​ទឹក​ទី​៣​ប៉ុណ្ណោះ សម្រាប់​ការ​ប្រកួត​នៅ​សង្វៀន​ស្ថានីយ​ទូរទស្ស​ន៍​ប៉ុស្តិ៍​លេខ​៣ កាល​ពី​ថ្ងៃសៅរ៍​ទី៥ ឧសភា ​ ។
ប្រវត្តិ​ប្រកួត​របស់​ជើង​ខ្លាំង​មក​ពី​អាល្លឺ​ម៉ង់​ ម្នាក់​នេះ​ ធ្លាប់​ឡើង​សង្វៀន​បាន​រហូត​ដល់ទៅ​១១០​ដង​ឯណោះ ក្នុង​នោះ​ឈ្នះ​៨០​ដង ចាញ់​៣០​ដង និង​ផ្តួល​គូ​ប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​៣២​ដង ។ ចំណែក​ឡៅ ស៊ីណាត​ វិញ​ ប្រកួត​បាន​៨៥​ដង ឈ្នះ៧៧​ដង ចាញ់​៧ដង​ ស្មើ​ម្តង ​ប៉ុន្តែ​ស៊ីណាត មាន​សំណាង​អាក្រក់​បំផុត​សម្រាប់​ការ​ប្រកួត​លើក​នេះ បើ​ទោះ​ជា​គេ​អាច​ទប់​ទល់​បាន​យ៉ាង​ល្អ​បំផុត​នៅ​ទឹក​ទី​១​ក៏​ដោយ​ ។​MATTHIAS  មាន​ស្នៀត​ប្រយុទ្ធ​ល្អ​បំផុត​​ទាំង​ស្នៀត​កែង និង​ជង្គង់​​ គេ​ចាប់​ផ្តើម​បញ្ចេញ​ស្នៀត​កែង​វាយ​សម្រុក​​ទៅ​លើ​ស៊ីណាត យ៉ាង​សាហាវ​នៅ​ទឹក​ទី​២ ។ស៊ីណាត ​ដែល​ព្យាយាម​បញ្ចេញ​ស្នៀត​ជើង​ទាត់​ល្វែង​ខាង​ក្រោម​របស់​ MATTHIAS ​មិន​បាន​ប្រយ័ត្ន​ផ្នែក​ខាង​លើ​ត្រូវ​ MATTHIAS បុក​ចូល​១កែង​ចំសៀត​ផ្កា​​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ដួល​ទៅ​លើ​សង្វៀន​ទាំង​ជំហរ ​។
ឯចាន់​ រតនា វិញ បាន​ទាត់​ត្រូវ​ដៃ​ខាង​ឆ្វេង​របស់​កីឡា​ករ​ THUNG PONG KWANG បណ្តាល​ឱ្យ​ប្រកួត​លែង​កើត​នៅ​ទឹក​ទី​៣ ។ កីឡា​ករ​មក​ពី​កូរ៉េ ម្នាក់​នេះ បាន​បង្ហាញ​នូវ​ភាព​ទន់​ខ្សោយ​របស​់​ខ្លួន​ចាប់​តាំង​ពី​ទឹក​ទី​២​មក​ម៉្លេះ ​ ហើយ​ រតនា ចាប់​ផ្តើម​សម្រុក​ចូល​ និង​ប្រើ​ស្នៀត​ជើង​ទាត់​កាន់​តែ​ខ្លាំង​នៅ​ទឹក​ទី​៣ ។ KWANG ព្យា​យាម​ការ​ពារ​ស្នៀត​ជើង​របស់​រតនា ដែរ ​តែ​មិន​អាច​រង​នឹង​ទម្ងន់​ស្នៀត​ជើង​នេះ​ បាន​ឡើយ ។ អាជ្ញា​​កណ្តាល​បាន​សម្រច​បញ្ឈប់​កីឡា​ករ​កូរ៉េ​នៅ​ទឹក​ទី៣ ប៉ុន្តែ​អ្នក​ទស្សនា​ភាគ​ច្រើន​គិត​ថា មិន​គួរ​បញ្ឈប់​ឡើយ ព្រោះ​គេ​អាច​នៅ​មាន​លទ្ធ​ភាព​ប្រកួត​ត​ទៅ​ទៀត​បាន ។
រី​ឯ​គូ​ប្រកួត​កម្ពុជា និង​កម្ពុជា​វិញ លាប សំណាង មក​ពី​ក្លឹប​កង​ពល​តូច​លេខ​៧០​ យក​ឈ្នះ​ខុម ពិសិដ្ឋ មក​ពី​ក្លឹបអូ​ដឹម​កីឡា​ដោយ​ពិន្ទុ។សល់ ប៊ុនហ៊ូវ​មកពីក្លឹបអាស៊ីកីឡា​ យកឈ្នះសានរាជសីហ៍​មកពីក្លឹបសាលវ័ន្តកីឡាដោយ​ពិន្ទុ៕        

No comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews